ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចណ៍មួយ បង្កឡើងដោយរថយន្ត និងរថយន្ត បណ្តាលឲ្យមានការ ខូចខាតបន្តិចបន្ទួច តែមិននិយាយសំរួលគ្នា បែរជាយកងារថា ខ្លួនជាទីប្រឹក្សាថ្នាក់ដឹកនាំ មកគំរាមជនរងគ្រោះ ធ្វើឱ្យសមត្ថកិច្ច ស្ទើរមិនហ៊ានទៅក្បែរ ។ គ្រោះថា្នក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោងប្រមាណ ២០ និង៣០នាទី នៅចំណុចក្បែរ ផ្សារទំនើបសាម៉ូដឺរ៉ា ក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។
សាក្សីនៅកន្លែងកើតហេតុ ខាងលើបាន និយាយប្រាប់ថា គេឃើញបុរសម្នាក់ និងនារីម្នាក់បានបើករថយន្ត ទំនើបម៉ាក Lexus ៤៧០ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-3839 ដោយអ្នកបើកបរ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាដាប ទៅហើយ បានបើកមកកាន់ផ្សារទំនើបនេះ ក្នុងបំណងទិញឥវ៉ាន់ ស្រាប់តែជ្រុល ចង្កូតទៅប៉ះកាងផ្នែក ខាងក្រោយរថយន្តមួយគ្រឿង ទៀតម៉ាក Lexus ៤៧០ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-0789 ដែលកំពុងចតនៅលើចិញ្ចើមថ្នល់ ក៏បណ្តាលឱ្យមានការកកិតថ្នាំ បន្តិចបន្ទួច ។
បន្ទាប់មកអ្នកបើក រថយន្តបង្កចូលទៅផ្សារទំនើបទិញ ឥវ៉ាន់បាត់ទៅ ។ លុះមួយសន្ទុះក្រោយមកគេក៏ឃើញ ចេញពីផ្សារមកវិញ ក៏ត្រូវម្ចាស់រថយន្ត រងគ្រោះហៅមកដោះស្រាយគ្នា ដោយសន្តិវិធី តែបែជាអ្នកបើករថយន្ត បង្កស្រែកអួតក្អេងក្អាងថា ខ្លួនជាទីប្រឹក្សាថ្នាក់ដឹកនាំ សូម្បីឋានៈស្នងការរង ទទួលផែន ចរាចរណ៍ មិនអាចចាប់ឃាត់ខ្លួន គេបានឡើយ ។
រឿងនេះ ធ្វើឱ្យសមត្ថកិច្ចរួញរាគ្រប់គ្នា មិនហ៊ានធ្វើរបាយការណ៍ទៅកាន់ ថ្នាក់លើទៀតផង ។ តែដោយជនរងគ្រោះ ជាសមាជិកក្រុមប្រឹក្សា ខេត្តព្រះសីហនុផងនោះ បានតំរូវឱ្យសមត្ថកិច្ច ធ្វើការដោះស្រាយជាបន្ទាន់ មិនត្រូវខ្លាចអំណាចរបស់ជនបង្កនោះឡើយ ។ បន្ទាប់មកគេឃើញ សមត្ថកិច្ចយករថយន្តទាំង២ ទៅកាន់ការិយាល័យ នគរបាលចរាចរណ៍ ដើម្បីធ្វើការដោះស្រាយគ្នាទាំងយប់ ។
តាមរបាយការណ៍ របស់នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជនបង្កមានឈ្មោះ ស៊ីថា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយមានមុខរបរជាអ្នកលក់ដូរទៅវិញ ។
ចំណែកជនរងគ្រោះមាន ឈ្មោះ សុខ សាវ៉ាត អាយុ៥០ឆ្នាំ រស់នៅសង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ជាសមាជិកក្រុមប្រឹក្សា ខេត្តព្រះសីហនុ ។ ក្នុងនោះ ជនបង្កបានធ្វើកិច្ចសន្យា ជាមួយជនរងគ្រោះថា ពេលបើកបរលើកក្រោយ បើស្រវឹងហាមបើកបរ ទី២.មិនត្រូវយកងារជាទីប្រឹក្សាថ្នាក់ដឹកនាំ មកធ្វើការដោះស្រាយ បញ្ហាផ្ទាល់ខ្លួន និងគ្រោះថ្នាក់ផ្សេងៗ នោះឡើយ ទី៣.ទាមទារប្រាក់ចំនួន១០០ដុល្លារ ដើម្បីយកទៅឧបត្ថម្ភ ក្មេងកំព្រា ។
បន្ទាប់ពីបានធ្វើកិច្ចសន្យា និងប្រគល់ប្រាក់រួចរាល់ ក៏បាននាំគ្នាចាកចេញ ពីការិយាល័យនគរបាលចរាចរណ៍ អស់ទៅ ដោយសមត្ថកិច្ចមិនបានធ្វើការវាស់ជាតិអាល់កុល និងធ្វើការផាកពិន័យ ជនបង្កតាមច្បាប់ចរាចរណ៍ ផ្លូវគោកនោះឡើយ ៕
ប្រភព៖lookingtoday
Login


