ភ្នំពេញ៖ តារាចម្រៀង តូចច្រឡឹង របស់ផលិតកម្ម ថោន (Town) កញ្ញា លី អ៊ីវ៉ាធីណា មុននេះ ធ្លាប់ប្រកាស ឲ្យមហាជនដឹង ជាសាធារណៈថា បេះដូងរបស់នាង គឺមានម្ចាស់រួចទៅហើយ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរ បានភ្ជាប់ពាក្យ ជាមួយគ្នា រយៈពេលជាង មួយឆ្នាំមកហើយដែរ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែធ្លាយដំណឹងមកថា ចំណងស្នេហ៍រវាង តារាស្រីកូនកាត់ចិន លី អ៊ីវ៉ាធីណា ជាមួយនឹងបុរស ជាគូរស្នេហ៍ មកដល់ពេលនេះ កំពុងតែជួបបញ្ហាជាប់គាំង រកផ្លូវចេញមិនរួច។
ផ្អែកតាមប្រភពពី អ្នកជិតស្និទ្ធ ជាមួយតារាស្រីរូបនេះ បាននិយាយឲ្យដឹងថា ទំនាក់ទំនងស្នេហ៍រវាង តារាស្រីនិយមលេងខ្លួន បែបសិចស៊ី កញ្ញា លី អ៊ីវ៉ាធីណា និង បុរសជាគូស្នេហ៍ កំពុងតែមានការរង្គោះរង្គើ ទាស់ពាក្យសម្តីគ្នា ព្រោះអ្នកទាំងពីរ ពុំមានទំនុកចិត្តលើគ្នា ទៅវិញទៅមក ពោលគឺ គ្មានការជឿជាក់ ចំពោះគ្នា និងកើតក្ដី ប្រច័ណ្ឌរៀងៗខ្លួន។
ប្រភពបានឲ្យដឹងបន្តថា បុរសជាម្ចាស់បេះដូង របស់ លី អ៊ីវ៉ាធីណា ម្នាក់នេះ តែងតែលើកហេតុផល ពីការប្រច័ណ្ឌមកនិយាយ ទើបធ្វើនាងមិនសប្បាយចិត្ត ហើយបណ្តាលឲ្យក្លាយ ទៅជារឿងឈ្លោះសប្រកែក ពាក្យសម្តីគ្នា រហូតធ្វើឲ្យចំណង ទាក់ទងរបស់ពួកគេ ស្ថិតក្នុងស្ថានភាព ជាប់គាំង រកផ្លូវដោះស្រាយ មិនទាន់ឃើញ។ ទោះបីជាយ៉ាងណាក្តី ប្រភពខាងលើមិនទាន់ បញ្ជាក់ច្បាស់ទេថា តើចំណងស្នេហ៍ រវាងតារាស្រី រូបស្រស់ កញ្ញា លី អ៊ីវ៉ាធីណា ជាមួយនឹង ម្ចាស់ស្នេហ៍ជាមន្ត្រីម្នាក់នេះ អាចនឹងឈាន ទៅរកផ្លូវផ្សះផ្សារបានវិញ ឬមួយយ៉ាងនោះឡើយ ខណៈដែលទាំងពីរ កំពុងតែពាក់មុខ យក្សដាក់គ្នា។
ជុំវិញព័ត៌មានដ៏រសើប ខាងលើនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ដើម្បីសុំការបកស្រាយពី កញ្ញា លី អ៊ីវ៉ាធីណា បាននៅឡើយទេ នៅថ្ងៃនេះ ព្រោះលេខទូរស័ព្ទ របស់នាង មិនអាចធ្វើការ ទំនាក់ទំនងបាន។ ដូច្នេះគេហទំព័រ LookingTODAY រង់ចាំការ បកស្រាយពីកញ្ញា លី អ៊ីវ៉ាធីណា ជុំវិញរឿងនេះ ដើម្បីឲ្យមហាជន បានដឹងពីការពិត នៅពេលក្រោយ ដោយក្ដីរីករាយ។
សូមរំឭកថា បុរសជាគូដណ្តឹង របស់តារាចម្រៀងកូនចៅចិន កញ្ញា លី អ៊ីវ៉ាធីណា មានមុខងារជាមន្រ្តីរាជការ ហើយបុរសម្នាក់នោះ ក៏មានអាយុច្រើនជាង នាងរហូត ទៅដល់ ៨ ឆ្នាំ។ យ៉ាងណាក៏ដោយ នាងក៏មិនធ្លាប់បានបង្ហាញពី មុខមាត់ពិតរបស់ បុរសម្នាក់នេះ ដើម្បីឲ្យមហាជន បានស្គាល់ នៅឡើយទេ រហូតមកដល់ពេលនេះ ៕
ប្រភព lookingtoday