រាជធានីភ្នំពេញ ៖ បុរសម្នាក់
បានប្រើអំពើហិង្សា វាយស្ដ្រីជាប្រពន្ធ ព្រោះតែខឹងនាង
មកតាមហៅទៅផ្ទះ ក្នុងពេលដែលស្វាមីកំពុងផឹកស៊ី
ជាមួយមិត្តភក្តិ បណ្ដាលឱ្យនាងដួលសន្លប់នៅនឹងកន្លែង
ហើយបុរសជាប្តី ដែលមានចិត្តកំណាច ក៏ត្រូវនគរបាល
ចុះទៅអន្ដរាគមន៍ ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ១និង៣០
នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមផ្លូវលំនៅមុខ
បន្ទាយទ័ពពិសេសឆ័ត្រយោង៩១១ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល
ខណ្ឌពោធិ៍សែនជ័យ ។
ស្វាមីចិត្តកំណាចមានឈ្មោះ ប៊ុន សុធា អាយុ ២៥ឆ្នាំ ចំណែកនាងជាប្រពន្ធ
មានឈ្មោះ ថាច់ អៀង អាយុ ២៤ឆ្នាំ ពួកគេជាកម្មកររោងចក្រកាត់ដេរ
ហើយស្ដ្រីជាប្រពន្ធ បានរងរបួសប៉ោងមុខមាត់ និងសន្លប់បាត់ស្មារតី។
មុនពេលកើតហេតុ ស្ដ្រីជាប្រពន្ធបានទៅ តាមហៅប្ដីដែលកំពុងផឹកស៊ី
ជុំមិត្ដភក្ដិនៅជិត កន្លែងកើតហេតុ ឱ្យត្រឡប់ទៅផ្ទះវិញ
នាំឲ្យបុរសជាប្តីខឹងខ្លាំងពេក ក៏មានជម្លោះពាក្យសំដី ។
ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ នាងបានដើរត្រឡប់ទៅផ្ទះមុន
ស្រាប់តែប្ដីមិនអស់ចិត្ដ បានទាញម៉ូតូម៉ាកស៊ុយហ្ស៊ុយគី
ស្មាស់ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BM-8995
ជិះទៅតាមក្រោយ ហើយចាប់វាយប្រពន្ធ ជាច្រើនដៃរហូតដួលសន្លប់
ស្ដូកស្ដឹងតែម្ដង។ លុះមួយសន្ទុះក្រោយមក ប្រពន្ធដឹងខ្លួនឡើងវិញ
បុរសជាប្តីក៏បានចាប់នាងបោចសក់ បោកផ្ទប់នឹងជញ្ជាំងថែមទៀត
ហើយដោយឃើញពីភាពសាហាវព្រៃផ្សៃពេក អ្នកជិតខាងបានហៅ នគរបាលប៉ុស្តិ៍
ទៅជួយអន្តរាគមន៍៕
ប្រភព៖វត្តភ្នំ