ភ្នំពេញៈ ខណៈដែលបច្ចុប្បន្ន មានតារាចម្រៀងប្រុសស្រី ស្ទើរគ្រប់ផលិតកម្ម កំពុងតែខំប្រឹងបង្ហាញស្ទីលថ្មីប្លែក ទាក់ទាញការចាប់អារម្មណ៍ ដើម្បីបង្កើនប្រជាប្រិយភាព ទាំងបទចម្រៀងបែបមនោសញ្ចេតនា បទញាក់កន្រ្តាក់អារម្មណ៍ និងបាននាំគ្នាបង្កើតក្រុមរាំផ្ទាល់ខ្លួន ដើម្បីឲ្យចង្វាក់ញាក់របស់ពួកគេ មើលទៅមានក្បាច់ និងមានសភាពរស់រវើក។ ដោយឡែកស្រីស្រស់វ័យក្មេង កញ្ញា ណយ ដែលធ្លាប់តែច្រៀងបទ មនោសញ្ចេតនា ក៏កំពុងតែត្រៀមចេញ បទចម្រៀងញាក់ ក្នុងពេលឆាប់ៗនេះ ប៉ុន្តែបែរជាប្រាប់ឲ្យដឹងថា នាងមិនចង់បង្កើតក្រុមរាំផ្ទាល់ខ្លួនដដែលៗ ដូចតារាចម្រៀងដទៃទេ ។
តារាចម្រៀងស្រីវ័យ ជាង២០ឆ្នាំ មានឈ្មោះពិតថា សែម ស្រីណយ បានប្រាប់ LookingTODAY ឲ្យដឹងថា ពេលនេះនាងរវល់ថត បទចម្រៀង សម្រាប់វ៉ុលថ្មី ថត MV សម្រាប់បម្រើអារម្មណ៍ទស្សនិកជនមិត្តៗយុវវ័យ ។ នៅក្នុងពេលឆាប់ៗខាងមុខនេះ ខាងផលិតកម្មក៏ត្រៀមនិពន្ធ បទចម្រៀងជាចង្វាក់ញាក់ ផ្លាស់ប្តូរស្ទីល ក្នុងការបកស្រាយបទចម្រៀង។ ម្យ៉ាងខាងផលិតកម្ម ក៏ចង់ធ្វើ តម្រូវចិត្តយុវវ័យសម័យនេះ ថែមទៀតផង ។
តារាចម្រៀង ប្រចាំផលិតកម្ម Big Man រូបនេះ បានប្រាប់ឲ្យដឹងថា នៅចុងឆ្នាំនាងត្រៀមស្ទីលថ្មី ធ្វើឲ្យប្លែកអារម្មណ៍ ។ ធម្មតាជាតារា មិនត្រូវមានស្ទីល ដដែលៗទេ ត្រូវតែមានអ្វីប្លែកជានិច្ច។ សូម្បីតែការបកស្រាយបទចម្រៀងក៏ដូចគ្នាដែរ ត្រូវតែរកអ្វីដែលថ្មី ហើយពេលនេះ ខាងផលិតកម្ម ក៏កំពុងតែរៀបចំ បទចម្រៀងជាចង្វាក់ថ្មី សម្រាប់នាងមិនធ្លាប់មានពីមុន គឺការបកស្រាយបទចម្រៀងចង្វាក់ញាក់។ បទត្រៀមចេញនេះ ធានាថាថ្មី ហើយប្លែកសម្រាប់ទស្សនិកជន ។
កញ្ញា ណយ បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំមានដុង(ទេពកោសល្យ) ខាងរាំច្រើនគួរសម ប៉ុន្តែខ្ញុំអត់ចង់បង្កើតក្រុមរាំ ដូចតារាចម្រៀងប្រុសស្រីផ្សេងនោះទេ ព្រោះខ្ញុំចូលចិត្តធ្វើម្នាក់ឯង គិតថាល្អ ហើយការរាំនោះ ប្រហែលជា អាចមានដៃគូរាំជាមួយម្នាក់តែប៉ុណ្ណោះ ។ មិនមែនជាលក្ខណៈក្រុមដូចតារាដទៃទេ ។ ខ្ញុំនិយាយបែបនេះមិនមែន ចង់មានន័យប៉ះពាល់ លើអ្នកសិល្បៈដូចគ្នាទេ តាមពិតទៅតារាគ្រប់រូប តែងតែមានស្ទីលផ្សេងៗប្លែកៗពីគ្នា មិនដូចគ្នាទេ។ ដូច្នេះហើយបានជាខ្ញុំ ចង់ធ្វើឲ្យប្លែកខុសពីគេ ហើយក៏មិន ចង់បង្កើតក្រុមរាំផ្ទាល់ខ្លួនដែរ គឺខ្ញុំចង់ធ្វើគ្រប់យ៉ាងដោយខ្លួនឯង ខ្ញុំសង្ឃឹមថា ទស្សនិកជន និងបន្តគាំទ្រខ្ញុំកាន់តែច្រើនខ្លាំងជាងនេះបន្ថែមទៀត ” ៕
ប្រភព៖lookingtoday