ប្រជាកសិករ ជាច្រើនបានធ្វើស្រែចំការជារៀងរាល់ឆ្នាំ ដោយប្រើកម្លាំង និងរទេះគោ ឬសេះ ប៉ុន្តែការប្រើប្រាស់រទេះគោនេះដែរ ប្រជាជនមួយចំនួនពុំបានដឹងពីប្រវត្តិនៃរទេះគោ ថា មកពីប្រភពណាទេ?
បើតាមគេហទំព័រ cen បានបង្ហាញថា រទេះគោ មានវត្តមាននៅក្នុងប្រទេសឥណ្ឌា តាំងពី ១៧០០ ឆ្នាំមុនគ.ស ហើយដោយក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌា ជនជាតិខ្មែរក្នុងអាណាចក្រនគរភ្នំ ក៏បានខ្ចីយានជំនិះនេះពីពួកឥណ្ឌាចាប់តាំងពីដើមសតវត្សរ៍ទី១នៃ គ.សម្ល៉េះ។ ហេតុនេះ ការប្រើប្រាស់រទេះគោ ឬក្របី បានផ្តើមឡើងចាប់តាំងពីពេលនោះ និងបន្តរហូតដល់បច្ចុប្បន្ន។
ប្រភពដដែលបានបន្តថា ជនជាតិខ្មែរបានស្គាល់រទេះគោ និងនិមិត្តរូបរបស់វាយ៉ាងច្បាស់លាស់ តាំងតែពីសម័យបុរេអង្គរ ជាពិសេសក្នុងសម័យវប្បធម៌នគរភ្នំ ដូចជាសំណល់កង់រទេះ នៅកម្ពុជាក្រោម និងវត្ថុជាច្រើនដែលគេបានជួបប្រទះជាសក្ខីភាពស្រាប់។ ជាក់ស្តែង តាំងពីដើមសតវត្សរ៍ទី១ រហូតដល់សព្វថ្ងៃ រទេះគោនៅតែពេញនិយមក្នុងទឹកដីកម្ពុជាយើង ដូចជាវត្តមានរបស់កាក់ ដែលមានឆ្លាក់មនុស្សជិះពីលើនៅទីក្រុងអង្គរបុរីស្រាប់។
ម្យ៉ាងវិញទៀត គេក៏បានរកឃើញនូវដុំនៃរទេះគោមួយចំនួន ធ្វើពីឈើនៅក្នុងតំបន់ដែនដីសណ្តរកម្ពុជាក្រោមដែរ។ ក៏ប៉ុន្តែអ្វីដែលអស្ចារ្យនោះ គឺសេះត្រូវបានប្រើប្រាស់តាំងពីមុនសម័យនគរភ្នំម្ល៉េះ ដូចករណីចម្លាក់លើចិញ្ចៀននៅស្ថានីយព្រះហារ នៅខេត្តព្រៃវែងជាសក្ខីកម្មស្រាប់៕
ប្រភព៖khmer79