- ការអភិវឌ្ឍតំបន់ជនបទ ជាប្រភពរួមចំណែក ដ៏ធំសម្រាប់លើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយ ចំណាកស្រុក ដ៏គ្រោះថ្នាក់
- ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគារ ល្អប្រណីត ជាច្រើនលេចឡើង កណ្តាលព្រៃព្រឹក្សា
ព្រះវិហារ៖ ចំការកៅស៊ូ និងម្រេច លាតសន្ធឹងដាច់កន្ទុយភ្នែក លើផ្ទៃដីជិត១ម៉ឺនហិកតា បានបង្ហាញវត្តមាននៅ កណ្តាលព្រៃ តំបន់ដាច់ស្រយាលមួយក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ការបង្ហាញវត្តមានចំការកៅស៊ូ និងម្រេច ដ៏ល្វឹងល្វើយនេះ មិនត្រឹមតែបង្ហាញពីសក្តានុពល នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា លើដំណាំកសិ-ឧស្សាហកម្ម នោះទេ តែបាននិងកំពុងចូលរួមចំណែកយ៉ាងធំធេងជួយលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋតាមទីជនបទ កាត់ បន្ថយការចំណាកស្រុក ស្របតាមគោលនយោបាយ និងការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា។
ចំការកៅស៊ូ និងម្រេច ដែលនឹងក្លាយជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពលមួយនាពេលអនាគតដ៏ខ្លីខាងមុខនេះ ស្ថិតនៅចម្ងាយប្រមាណជា ២៧៥គីឡូម៉ែត្រពីរាជរាជធានីភ្នំពេញ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ភាគឧត្តរ នៃព្រះរាជាណាចក្រកម្អុជា។
តំបន់ដែលមានតែព្រៃរិចរិលមួយនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិជូនក្រុមហ៊ុនឧកញ៉ាទ្រីភាព ធ្វើការអភិ វឌ្ឍដំណាំកសិ-ឧស្សាហកម្មកាលពីឆ្នាំ២០១១ ដោយមានរយៈពេល ៧០ឆ្នាំ។ តំបន់អភិវឌ្ឍន៍ថ្មីលើទឹកដីជនបទ ត្រូវ បានក្រុមហ៊ុនប្រសិទ្ធនាមថា «ចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច»។
ប្រធានផ្នែកបច្ចេកទេសដំណាំម្រេច នៃក្រុមហ៊ុនទ្រីភាព លោក លុំ រិទ្ធីគន្ធ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ដីនៅតំបន់ទន្លេបឹងម្រេច ក្នុងស្រុករវៀង នៃខេត្តព្រះវិហារ មានសក្តានុពល និងអំណោយផលខ្ពស់ សម្រាប់ដំណាំម្រេច ព្រោះមានអាកាសធាតុល្អ ហើយមានប្រភពទឹកគ្រប់គ្រាន់។
លោក លុំ រិទ្ធីគន្ធ បានថ្លែងឲ្យដឹងផងដែរថា រហូតដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនដាំម្រេច បានចំនួន ៣០ហិកតា ហើយនឹងបង្កើនការដាំដុះឲ្យបានគ្រប់តាមគោលដៅ ១៥០ហិកតា នៅឆ្នាំ២០១៤ខាងមុខ ដែលស្មើនឹងប្រមាណ ជា ៥ម៉ឺនជន្លង់។
ក្នុងនាមជាអ្នកជំនាញលើដំណាំម្រេច និងធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកកសិកម្មជាច្រើនឆ្នាំនោះ លោក លុំ រិទ្ធីគន្ធ ថ្លែងឲ្យដឹងថា ដំណាំម្រេចជាដំណាំមួយ ដែលនៅលើពិភពលោកត្រូវការបំផុត តែមិនសូវមានអ្នកដាំនោះ ទេ ព្រោះតែដំណាំនេះ ត្រូវចំណាយដើមទុនច្រើនលើការវិនិយោគ ហើយកម្លាំងពលកម្ម នៃការដាំដុះ និងថែទាំ ត្រូវប្រើកម្លាំងមនុស្សស្ទើរទាំងស្រុង។
លោក លុំ រិទ្ធីគន្ធ បានបង្ហើបឲ្យដឹងពីការវិនិយោគលើការដាំដុះដំណាំម្រេចនេះថា ក្នុងមួយហិកតា ត្រូវចំណាយ ទុនប្រមាណជា ៣៥.០០០ដុល្លារអាម៉េរិក បូកសរុបទាំងតម្លៃពលកម្ម ទឹក ជី ថ្នាំការពារ ថ្នាំបំប៉នផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ដំណាំម្រេចនេះ ត្រូវថែទាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ផងដែរ ទើបទទួលបានផលល្អ។
ពាក់ព័ន្ធការដាំដុះវិញ លោក លុំ រិទ្ធីគន្ធ បានឲ្យដឹងថា ក្នុងដីមួយហិកតា គេអាចដាំបានរហូតដល់ ២.៥២០ ជន្លង់ តែសម្រាប់កន្លែងខ្លះទៀត គេយកត្រឹមតែ ១.៦៨១ជន្លង់តែប៉ុណ្ណោះ។
ទោះបីជាដំណាំម្រេចពិបាកថែទាំ និងចំណាយទុនវិនិយោគច្រើនយ៉ាងណាក្តី បើតាមលោក លុំ រិទ្ធីគន្ធ ម្រេចក៏ ឆាប់ទទួលបានផលមកវិញផងដែរ។ ជាទូទៅម្រេច គេប្រើរយៈពេលប្រមាណតែ ១ឆ្នាំ ៤ខែប៉ុណ្ណោះ ត្រូវប្រមូល ផលបានមកវិញ ហើយប្រមូលផលបានរហូតដល់ទៅ២៥ឆ្នាំ។
បើតាមលោក លុំ រិទ្ធីគន្ធ នៅឆ្នាំទី១ ផលម្រេច គេប្រមូលមិនបានច្រើននោះទេ តែចាប់ពីឆ្នាំទី២ ទី៣ឡើងទៅ គេអាចប្រមូលផលបានច្រើន ក្នុងមួយជន្លង់បានរហូតដល់ទៅ ៥គីឡូក្រាម។ បើយោងតាមតម្លៃទីផ្សារម្រេចនា ពេលបច្ចុប្បន្នចន្លោះពី ៦-៧ដុល្លារនោះ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ គេអាចប្រមូលផលរួចដើមទុន នៃការចំ ណាយវិញហើយ។
បន្ទាប់បញ្ចប់ការរៀបរាប់ពីបច្ចេកទេសដាំដុះដោយសង្ខេបទៅ តាមការសាកសួររបស់លោក សយ សុភាព អគ្គនា យកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលរួចទៅ។ លោក លុំ រិទ្ធីគន្ធ ក្នុងនាមជាប្រធានបច្ចេកទេសលើដំណាំម្រេច ក៏បានរៀបរាប់ពីគម្រោង នៃការរៀបចំវេចខ្ចាប់ម្រេច និងទិសដៅសម្រាប់នាំម្រេចទៅកាន់ទីផ្សារផងដែរ។
ដើរឆ្លងកាត់ពីចំការមួយទៅចំការមួយនៅលើផ្ទៃដីធំល្វឹងល្វើយហ៊ុំព័ទ្ធដោយចំការម្រេចដាំតាមបច្ចេកទេសល្អិតល្អន់ មានធាងដូងហ៊ុំព័ទ្ធជន្លង់ម្រេចការពារខ្យល់ ខាងលើមានការប្រក់បិទបាំងមិនឲ្យត្រូវពន្លឺថ្ងៃខ្លាំង ព្រមទាំងបំពាក់ ឧបករណ៍ការពាររន្ទះថែមទៀតនោះ លោក លុំ រិទ្ធីគន្ធ ក្នុងសំលៀកបំពាក់ខោខូវប៊យ អាវយឺត សម្បុរស្រអែម បានរៀបរាប់ថា នៅពេលប្រមូលផល គេប្រមូលយកតែគ្រាប់ប៉ុណ្ណោះ។ ការយកគ្រាប់នេះ ត្រូវឆ្លងកាត់រោងចក្រ សំងួតថែមទៀត រោងចក្រសំងួតត្រូវចំណាយថវិកា ប្រមាណកន្លះលានដុល្លារ ដើម្បីសាងសង់ឡើង ប្រកបដោយ ស្តង់ដារត្រឹមត្រូវ។
លោក លុំ រិទ្ធីគន្ធ បានបញ្ជាក់ថា ម្រេចខ្មែរជាម្រេចជាប់លំដាប់ថ្នាក់លេខ១ មានក្លិនឈ្ងុយល្អ ហើយទីផ្សារម្រេចធំ ជាងគេ គឺនៅតំបន់អឺរ៉ុប ព្រោះប្រជាពលរដ្ឋនៅតំបន់អឺរ៉ុបមិនបរិភោគម្ទេសនោះឡើយ។
បើតាមប្រធានបច្ចេកទេសដំណាំម្រេច នៃក្រុមហ៊ុនទ្រីភាពរូបនេះ បានថ្លែងថា ម្រេចនៅក្នុងចំការ នៃតំបន់ទន្លេ ម្រេចអាចនឹងប្រមូលផលបានខ្លះនៅឆ្នាំក្រោយ ហើយក្រោយពេលប្រមូលផលក្រុមហ៊ុន មានគម្រោងវេចខ្ចប់យ៉ាង ត្រឹមត្រូវ ដោយបញ្ជាក់ពីទីតាំងផលិត ឈ្មោះក្រុមហ៊ុនផលិត ជាពិសេសបញ្ជាក់អត្តសញ្ញាណថា ជារបស់ខ្មែរ។
ក្រៅតែពីដំណាំម្រេច ដែលមើលទៅថាដាច់កន្ទុយភ្នែកទៅហើយនោះ នៅលើផ្ទៃដីសម្បទានសេដ្ឋកិច្ចប្រមាណជា ៩.៩១៦ហិកតា សល់ពីការឆ្កៀលដីប៉ះពាល់ជូនប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គេនៅ សង្កេតឃើញដំណាំកៅស៊ូតូចធំដុះបណ្តាក់គ្នា ដ៏ល្វឹងល្វើយផ្សេងទៀត។
លោក ឯត សាវណ្ណ ប្រធានបច្ចេកទេសដំណាំកៅស៊ូ នៅក្នុងចំការកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុនទ្រីភាពទន្លេ បឹងម្រេច បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងដាំកៅស៊ូឲ្យបានតាមគោលដៅចំនួន ៨.៥០០ហិកតា ហើយបច្ចុប្បន្នដាំ រួចរាល់បានចំនួន ៥.២០០ហិកតា។ សម្រាប់អាកាសធាតុនៅតំបន់នោះវិញ លោក ឯត សាវណ្ណ បញ្ជាក់ថា អាច ទទួលយកបានសម្រាប់ដំណាំកៅស៊ូ។
លោក ឯត សាវណ្ណ បានរៀបរាប់បន្តថា កៅស៊ូគេអាចជៀជ័របាន បន្ទាប់ពីវាមានអាយុកាលចំនួន៥ឆ្នាំ ហើយអាច ចៀររយៈពេលដល់ទៅ ៦0-៧០ឆ្នាំ តែសម្រាប់បច្ចេកទេសបច្ចុប្បន្នគេចៀរតែ ២៥ឆ្នាំ ប៉ុណ្ណោះ បន្ទាប់មកគេកាប់ ដើមកៅស៊ូទៅលក់ទទួលបានប្រាក់ចំណេញជាង ព្រោះចាប់ពី ២៥ឆ្នាំឡើង ការហុចផលមិនបានច្រើនទៀតនោះ ទេ។ ការដើមកៅស៊ូលក់ បានចំណេញជាង ដើមកៅស៊ូក្នុងមួយហិកតា អាចលក់បានរហូតដល់ ២ម៉ឺនដុល្លារ។
សម្រាប់ការប្រមូលផលកៅស៊ូ ដែលជាដំណាំដ៏មានសក្តានុពលមួយនៅកម្ពុជា លោក ឯត សាវណ្ណ បានឲ្យដឹងថា ទំហំដីជាង ៨ពាន់ហិកតា ដែលជាផ្ទៃដីដាំកៅស៊ូនៅទន្លេបឹងម្រេច របស់លោកទ្រីភាព អាចប្រមូលផលបានរហូត ដល់ ២៥.០០០តោនក្នុងមួយឆ្នាំ។
សម្រាប់តម្លៃកៅស៊ូវិញ បើតាមប្រធានបច្ចេកទេសផ្នែកកៅស៊ូរូបនេះ បានឲ្យដឹងថា ក្នុងមួយតោនតម្លៃមិនក្រោម ៣.០០០ដុល្លារនោះទេសម្រាប់ថ្ងៃអនាគត ហើយបច្ចុប្បន្ននេះ ជ័រកៅស៊ូ១តោន មានតម្លៃជាង ២.០០០ដុល្លារ។
ដំណាំកៅស៊ូមិនត្រឹមតែជាដំណាំ ដែលរកចំណូលបានខ្ពស់នោះទេ វាក៏ជាដំណាំមួយប្រភេទ ដែលមានជាតិកាបូន រហូតដល់ទៅ ៧ភាគរយ សម្រាប់ការពារស្រទាប់អូហ្សូន កាត់បន្ថយកំដៅលើភពផែនដី។
- ការអភិវឌ្ឍតំបន់ជនបទ ជាប្រភពរួមចំណែក ដ៏ធំសម្រាប់លើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយ ចំណាកស្រុក ដ៏គ្រោះថ្នាក់
ដំណាំកៅស៊ូ និងម្រេច ដែលកំពុងរីកលូតលាស់ឡើងយ៉ាងច្រូងច្រាងលាតសន្ធឹងដាច់កន្ទុយផ្នែកនេះ មិនមែនត្រឹម តែបង្ហាញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅទីជនបទក្រោយស្រុករកបាននូវសន្តិភាពនោះទេ តែវាបានចូលរួម ចំណែកដ៏ធំធេងមួយទៀត គឺការផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងស្រុក លើកកម្ពស់ជីវភាពគ្រួសារ កាត់បន្ថយ ភាពក្រីក្រ និងការធ្វើចំណាកស្រុកប្រកបដោយគ្រោះថ្នាក់របស់ប្រជាពលរដ្ឋខ្មែរតាមទីជនបទទៅស្វែងរកការងារ ធ្វើនៅក្រៅប្រទេស។
លោក ដេត សិលា ជំនួយការនាយកគ្រប់គ្រងចំការកៅស៊ូទ្រីភាព ទន្លេបឹងម្រេច និងជាអ្នកមើលការខុសត្រូវផ្ទាល់ ផែនគមនាគមន៍នោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅក្នុងចំការកៅស៊ូទ្រីភាពទន្លេបឹងម្រេច នាពេលបច្ចុប្បន្ននេះ មានអ្នកបម្រើការងាររហូតដល់ជាង ៤០០នាក់ ដោយទទួលបានប្រាក់ខែចាប់ពី ១៥០ដុល្លារ រហូតដល់ ៣០០ដុល្លារ។
លោក ដេត សិលា បានបន្តថា ទៅថ្ងៃមុខក្រោយពេលកៅស៊ូ និងម្រេចទទួលផលនោះ កំណើនអ្នកបម្រើការងារ នឹងកើនរហូតដល់រាប់ពាន់នាក់។ បើតាមលោក ដេត សិលា បានបញ្ជាក់ថា អ្នកបម្រើការងារនៅក្នុងចំការបច្ចុប្បន្ន នេះ ភាគច្រើនជាអ្នកស្រុកនៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ព្រមទាំងមកពីបណ្តាខេត្តផ្សេងៗទៀត ដែលពី មុនពួកគាត់ភាគច្រើន បានចេញទៅស្វែងរកការងារធ្វើនៅតាមប្រទេសជិតខាង។
លោក ដេត សិលា បានសម្តែងជំនឿចិត្តរបស់ខ្លួនថា តាមរយៈការផ្តល់នូវការងារដ៏ច្រើន រួមជាមួយប្រាក់បៀវត្សរ៍ សមរម្យ កន្លែងស្នាក់នៅ និងអាហារហូបចុកនេះ ពិតជាអាចជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទឲ្យល្អ ប្រសើរឡើងមួយកម្រិតទៀត។ ជាពិសេស បានរួមចំណែកកៀងគរប្រជាពលរដ្ឋមកធ្វើការក្នុងស្រុក បញ្ជៀសការ ធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅប្រទេសដទៃ ប្រឈមនិងគ្រោះថ្នាក់ទាំងផ្លូវកាយ និងផ្លូវចិត្តធ្ងន់ ធ្ងរថែម ទៀតផង។
- ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រណីត ជាច្រើនលេចឡើង កណ្តាលព្រៃព្រឹក្សា
ក្រៅពីដំណាំកៅស៊ូ និងដំណាំម្រេចទៅ នៅលើផ្ទៃដែលហ៊ុំព័ទ្ធដោយព្រៃព្រឹក្សាតូចធំទៀបខ្ពស់ ចោលម្លប់ត្រឈឹង ត្រឈៃ លើទឹកដីស្រុករវៀង ខេត្តព្រះវិហារនេះ គេនៅសង្កេតឃើញអគារតូចធំបង្កប់ដោយក្បួរក្បាច់រចនា តាមរច នាបថរបស់ខ្មែរ ដ៏ល្អវិចិត្រជាច្រើនខ្នង អមដោយការរៀបចំសួនច្បារគួរជាទីមនោរម្យ។
ក្រុមហ៊ុនទ្រីភាព អ៊ីមផត អ៊ិចផត បានបង្ហាញថា ខ្លួនពិតជាបាននិងកំពុងអភិវឌ្ឍន៍លើដីសម្បទានសេដ្ឋកិច្ចរបស់ រាជរដ្ឋាភិបាលយ៉ាងសកម្ម មិនមែនជាការសុំដីសម្បទាន ដើម្បីបម្រើផលប្រយោជន៍ខុសទិសដៅណាមួយដូចការ រិះគន់ពីក្រុមអ្នកវាយប្រហារនោះឡើយ។
ជាក់ស្តែងលើផ្ទៃដីជិត១ម៉ឺនហិក ក្រោមគម្រោងវិនិយោគជិត ៣០លានដុល្លារនេះ មិនត្រឹមតែកៅស៊ូ និងម្រេច ប៉ុណ្ណោះទេ ដែលកំពុងរីកលូតលាស់នោះ អគារជាច្រើនផ្សេងទៀត ក៏បានសាងសង់រួចរាល់ហើយដែរ ដូចជា ភូមិ គ្រឹះអគ្គនាយក អគារស្នាក់នៅរបស់បុគ្គលិក អគារភោជនីយដ្ឋាន ចំណតរថយន្ត ស្ថានីយប្រេងឥន្ធនៈ ខ្លោងទ្វារ អគាររដ្ឋបាលក្រុមហ៊ុន អមជាមួយនិងសួនច្បារស្រស់ត្រកាលជាច្រើនផ្សេងទៀត។
ជាទិសដៅសម្រាប់ថ្ងៃអនាគតក្រុមហ៊ុនរបស់លោកទ្រីភាព ក៏បានគិតគូររួចរាល់ហើយផងដែរ សម្រាប់ប្រព័ន្ធហេ ដ្ឋារចនាសម្ព័ន្ធ អគារផ្សេងៗជាច្រើនទៀត ក្នុងការកែខៃតំបន់មួយនេះ ឲ្យក្លាយជាទីប្រជុំជនមួយ និងជាកន្លែង សំចតសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ ឆ្លងកាត់ទៅទស្សនាចរនៅលើទឹកដីខេត្តព្រះវិហារ។
បើតាមរបាយការណ៍ដែលរៀបចំដោយក្រុមហ៊ុន បានបង្ហាញថា ទៅអនាគតក្រុមហ៊ុនគ្រោងនឹងសាងសង់បន្ថែម ទៀតនូវ មជ្ឈមណ្ឌលកីឡា អគារកាកបាទក្រហម សាលារៀន វត្តអារាម ឃ្លាំងសំងួតម្រេច រោងចក្រកៅស៊ូ ផ្ទះគំរូ សណ្ឋាគារ អគារសន្តិសុខ ផ្សារ អគារគមនាគមន៍ និងរោងជាង ប្រព័ន្ធលូ អគារគណបក្ស សង់មន្ទីរពេទ្យ និងសង់ អគារសម្រាប់ភ្ញៀវ។
បើតាមបុគ្គលិកគ្រប់គ្រងនៅចំការកៅស៊ូ-ម្រេច ទ្រីភាព នៅទន្លេបឹងម្រេចនេះ បានសម្តែងនូវគំនិតសុទិដ្ឋិនិយមថា ទៅថ្ងៃអនាគតតំបន់ដាច់ស្រយាលលើទឹកដីខេត្តព្រះវិហារមួយនេះ នឹងក្លាយទៅជាតំបន់អភិវឌ្ឍន៍ផ្តល់នូវឧត្តម ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាពិសេសពលរដ្ឋខេត្តព្រះវិហារ ខេត្តកំពង់ធំ និងពលរដ្ឋមក ពីទីជនបទ តាមបណ្តាខេត្តផ្សេងៗទៀត។
សូមបញ្ជាក់ថា ក្រុមហ៊ុនទ្រីភាព អ៊ីមផត អ៊ិចផត មិនត្រឹមតែទទួលបានផ្ទៃដីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងខេត្តព្រះ វិហារប៉ុណ្ណោះទេ គឺមាននៅខេត្តពោធិ៍សាត់ និងរតនគិរីផងដែរ។ ការអភិវឌ្ឍនោះផ្តោតសំខាន់ទៅលើដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និងម្រេច។
សូមទស្សនាខ្សែវីដេអូបទយកការណ៍រៀបចំឡើងដោយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ដែលបានចុះទៅយកព័ត៌មានផ្ទាល់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ បង្ហាញជូននូវបទសម្ភាសន៍ជា មួយក្រុមអ្នកបច្ចេកទេសផ្នែកដាំដុះ និងទេសភាពដ៏ត្រកាលក្នុងចំការកៅស៊ូទ្រីភាពទន្លេបឹងម្រេច ស្ថិតក្នុងស្រុក រវៀង ខេត្តព្រះវិហារ៖