ព្រះសីហនុ៖ កម្មករោងចក្រ ប្រុសស្រី
នៅតំបន់សេដ្ឋកិច្ច ពិសេសបិតត្រាង ក្នុងឃុំរាម ស្រុកព្រៃនប់ ប្រមាណជិត
៣០នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងករណីគ្រោះថ្នាក់ រថយន្តដឹកពួកគេ បែកកង់ ។
លោកអនុសេនីយ៍ទោ ទេព ប្រុស នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល
ឃុំអូរឧកញ៉ាហេង បានឱ្យដឹងថា រថយន្ត ដែលគ្រោះថ្នាក់ ដោយខ្លួនឯង ម៉ាកសំាងយ៉ុង
ពណ៌ទឹកប៊ិច លាយប្រផេះ ពាក់ស្លាកលេខ ព្រះសីហនុ 2A-1361រថយន្តបានបែកកង់
ក្រោយផ្នែកខាងឆ្វេង បណ្តាលឲ្យក្រឡាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រ
លេខ១៩៩-២០០ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់
ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៥ និង៣០នាទី ល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា
ឆ្នាំ២០១៣ ។
ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមកម្មករជិត ៣០នាក់ មាន
៥ ទៅ៦នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូន ទៅកាន់គ្លីនិកឯកជន
នៅក្រុងព្រះសីហនុភ្លាមៗផងដែរ ។ សមត្ថកិច្ចក៏បានបញ្ជាក់ប្រាប់ថា
អ្នកបើករួមទាំងជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់ឈ្មោះ នៅឡើយទេ
ព្រោះគិតតែប្រញាប់ប្រញាល់ បញ្ជូនទៅព្យាបាលរបួស និងសម្រួលចរាចរកុំឱ្យស្ទះ ៕
ប្រភព ដើមអំពិល