CATEGORIES
OTHER

Sunday, November 24, 2013

មន្រ្តីជាន់ខ្ពស់ ជំរុញ ឱ្យភាគីពាក់ព័ន្ធ ពន្លឿនការចុះបញ្ជី អង្ករក្រអូបកម្ពុជា ខ្លាចមាន ការលួចបន្លំ

Posted by Unknown  |  at  3:16 AM

ភ្នំពេញៈ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា បានជំរុញឱ្យ ភាគីពាក់ព័ន្ធទាំងអស់ ប្រញ៉ាប់ រៀបចំចុះបញ្ជីការ កំណត់ស្តង់ដារ អង្ករផ្កាម្លិះកម្ពុជា លើឆាកអន្តរជាតិ ឱ្យបានច្បាស់លាស់ ដើម្បីការពារ កុំឱ្យមានការ លួចបន្លំ កេងចំណេញប្រើ ឈ្មោះ របស់អង្កក្រអូបខ្មែរ ពីឈ្មួញប្រទេសដទៃ។
ថ្លែងក្នុងវេទិការ ស្រូវអង្ករលើកទី៣ នៅឯមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទីសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ លោកម៉ៅ ថូរ៉ា បានលើកឡើងថា “ខ្ញុំសូមឱ្យ សហព័ន្ធ ឬសមាគម អ្នកនាំអង្ករចេញ ឆាប់ពិភាក្សាគ្នា ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីយើងរកវិធី ចុះបញ្ជីការពាឈ្មោះអង្ករ ដែលយើងដណ្តើមបាន លេខ១នេះ ដើម្បីកុំឱ្យគេលួចយកឈ្មោះយើង ទៅប្រើ” ។
ចំណែកលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក៏បានបញ្ជាក់ដែថា អង្ករក្រអូបកម្ពុជា និងថៃ បានកំពុងប្រើប្រាស់ឈ្មោះស្រដៀងគ្នា ខណៈអង្ករខ្មែរ កាន់តែល្បីល្បាញ ក្នុងឆាកអន្តរជាតិ ដូច្នេះលោក ចង់ឱ្យភាគីពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា ប្រញាប់ កំណត់អត្តសញ្ញាណអង្ករក្រអូបកម្ពុជា ឱ្យបានឆាប់រហ័ស។
លោកបានមានប្រសាសន៍ថា “ នៅពេលពូជន៍ (អង្ករ) របស់យើង ចាប់ផ្តើមល្បី ប្រយ័ត្ន ! តិចយើងថា ផ្កាម្លិះ ! ថៃថាទេ នេះជាពូជន៍របស់ថៃតើ (ថៃហៅ) “ហមម្លិះ” បកប្រែមកវិញថា ម្លិះក្រអូប ឯយើងថា ផ្កាម្លិះ ជួនកាលយើងហៅ សុមាលី ផ្កាម្នាស់ ...។ ឥឡូវ ! តើឈ្មោះអ្វីពិតប្រាកដ ! បើថា ផ្កាម្លិះហើយ ឆាប់ចុះឈ្មោះ ចុះបញ្ជីទុកឱ្យហើយ...” ។
អង្ករក្រអូបកម្ពុជា បានទទួលភាពល្បីល្បាញ រយៈពេល ២ឆ្នាំជាប់ៗគ្នា ខណៈដែល រាជរដ្ឋាភិបាល ដាក់ចេញនូវ គោលនយោបាយ នាំអង្ករ ចេញឱ្យបាន ១លានតោន នាឆ្នាំ២០១៥ ។ អង្ករផ្កាម្លិះ របស់កម្ពុជា ទើបតែទទួលបាន ចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក ថ្មីមួយទៀត នៅក្នុងពិធីតាំងពិព័រណ៍អង្ករអន្តរជាតិ នាទីក្រុងហុងកុង ប្រទេសចិន កាលពីសប្តាហ៍មុន ។ ដោយឡែក កាលពីខែ កញ្ញា ឆ្នាំ២០១២ កន្លងទៅ អង្ករក្រអូបខ្មែរ ក៏ដណ្តើមយកបាន ចំណាត់ថ្នាក់លេខ១ ជាលើកដំបូង លើឆាកអន្តរជាតិផងដែរ ក្នុងការប្រកួតអង្ករ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ៕


ប្រភព ៖ lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top