ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវនគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះទៅឃាត់ខ្លួន បន្ទាប់ពីជនរូបនេះ បានធ្វើ សកម្មភាព លួចរថយន្តរបស់គេបាន១សប្តាហ៍រួចមក។ ហេតុការណ៍នេះបានកើតឡើង កាលពី រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចភូមិសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះខាន់ ឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅស្រុកត្រាំកក់ ខេត្តតាកែវ។ រីឯម្ចាស់រថយន្ត មានឈ្មោះ សេង អ៊ឹម ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃព្រីង ខាងត្បូង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ រថយន្តដែលបាត់ហើយសំណាងល្អ រកឃើញវិញនោះ ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខព្រះវិហារ 2A-0169 ។
តាមនគរបាលបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនរងគ្រោះ បានចតឡានទុកនៅ ពីមុខផ្ទះ ដោយចាក់សោទ្វារ និងសោរប្រអប់លេខ ត្រឹមត្រូវផងដែរ លុះដល់ព្រឹក ឡើងបាត់ទើបមាន ការភ្ញាក់ ផ្អើលតែម្តងទៅ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងឲ្យនគរបាល ជួយអន្ដរាគមន៍។ រហូតដល់ថ្ងៃ ទី២៩ខែវិច្ឆិកា ឆ្នាំ២០១៣ ទើបនគរបាលធ្វើការស្រាវជ្រាវ ដឹងថា ជនសង្ស័យយករថយន្តទៅសំងំនៅឯ ខេត្តកំពង់ស្ពឺ ក៏ចុះទៅឃាត់ខ្លួនតែម្តងទៅ ។ និងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការឲ្យ ចាត់ការទៅតាមផ្លូវច្បាប់៕
ប្រភព ដើមអំពិល