CATEGORIES
OTHER

Tuesday, November 26, 2013

សោភ័ណ្ឌ ឡារី ជម្រុញ​ឲ្យ​អ្នកសិល្បៈ ចូលរួម​សកម្មភាព​មនុស្ស​ធម៌ កុំ​គិត​តែ​ចាំ​រិះគន់​គ្នា​ពេក

Posted by Unknown  |  at  8:01 PM

ភ្នំពេញៈ ក្នុងមួយរយៈពេលចុងក្រោយនេះ គេមិនសូវឃើញតារាសម្តែង មានឈ្មោះបោះសំឡេងគួរសម លោក សោភ័ណ្ឌ ឡារី បង្ហាញសកម្មភាព នៅក្នុងពិភពសិល្បៈច្រើនប៉ុន្មានទេ ព្រោះតែលោកកំពុងតែជាប់ដៃ នឹងការងារសប្បុរសធម៌ ចុះឡើងតាម បណ្តាខេត្តញឹកញាប់ ដោយលោកមិនខ្វល់ពីការងារ និងប្រជាប្រិយភាព។ មិនតែប៉ុណ្ណោះ លោកថែមទាំង អំពាវនាវ និងជម្រុញឲ្យអ្នកសិល្បៈ រួមអាជីពចូលរួមបង្ហាញ សកម្មភាពមនុស្សធម៌ ក៏ដូចជាចូលរួម ជួយប្រជាពលរដ្ឋ ដែលជួបការលំបាក និងមានជីវភាព ខ្វះខាតទៀតផង ។
លោក សោភ័ណ្ឌ ឡារី បានប្រាប់ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗ កន្លងទៅនេះថា សម្រាប់ការងារសិល្បៈ នាពេលបច្ចុប្បន្ន មិនសូវមមាញឹកប៉ុន្មានទេ ព្រោះថាលោករវល់នាំយក អំណោយទៅចែក ជូនប្រជាពលរដ្ឋ នៅគ្រប់ខេត្ត គ្រប់កន្លែង ដែលជួបការលំបាក ក្រោយពីលោកបានទទួលថវិកា ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ហើយបាននាំយក អំណោយទាំងនោះ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាត ។
តារាសម្តែងរូបសង្ហាមាឌមាំ លោក សោភ័ណ្ឌ ឡារី បានប្រាប់ឲ្យដឹងទៀតថា “កន្លងមកខ្ញុំ ធ្លាប់បានអំពាវនាវ ទៅដល់សប្បុរសជន តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់ខ្ញុំ ស្វែងរកជំនួយទៅជួយបងប្អូន ប្រជាពលរដ្ឋ កំពុងតែរងទុកវេទនា ជួបការខ្វះខាត ត្រូវការជំនួយបន្ទាន់។ ដូច្នេះក្នុងនាមខ្ញុំជាអ្នកសិល្បៈ ខ្ញុំចង់ចូលរួមជួយ ទៅដល់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងតែពិបាកដូចជាចាស់ជរា គ្មានទីពឹង ក្មេងកំព្រានិងបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ជាដើម..!” ។
នាពេលកន្លងមក ធ្លាប់មានព័ត៌លេចឮថា សកម្មភាពរបស់តារាសម្តែង លោក សោភ័ណ្ឌ ឡារី គឺជាការស្វែងរក លាភសក្ការៈផ្ទាល់ខ្លួន និងសាងកេរ្តិ៍ឈ្មោះឲ្យល្បីតាម រយៈការពាក់ស្រោមមុខ ជាមនុស្សចិត្តធម៌។ ប៉ុន្តែជុំវិញការលើកឡើង ទាំងអស់នោះ ត្រូវបានម្ចាស់សាម៉ីខ្លួន អះអាងថា “អ្វីដែលខ្ញុំធ្វើកន្លងមក គឺចេញពីទឹកចិត្ត មិនមែនដោយសារការចង់បាន ផលប្រយោជន៍ផ្ទាល់ខ្លួន ដូចគេនិយាយទេ ខ្ញុំធ្វើបែបនេះ ដោយសារតែខ្ញុំធ្លាប់ក្រ ធ្លាប់មានជីវភាពក្រលំបាកវេទនា ខ្វះមុខខ្វះក្រោយ ។ កន្លងមកខ្ញុំក៏ធ្លាប់ជាកម្មករ ដូច្នេះទោះជាខ្ញុំ មិនបានរងទុក្ខ ជួបការលំបាកដូចប្រជាពលរដ្ឋ តែខ្ញុំក៏អាចដឹងពីតម្រូវការ អ៊ីចឹងហើយបានជា ខ្ញុំចង់ចូលរួមចំណែក ជួយជនរងគ្រោះ ក៏ដូចជាអ្នកដែលមានបញ្ហា ខ្វះខាត ខ្ញុំមិនដែលគិតទេថា ខ្ញុំបានប្រយោជន៍ពីអ្វីដែលខ្ញុំធ្វើទេ”។
លោក បានប្រាប់ឲ្យដឹងទៀតថា ដូច្នេះសង្ឃឹមថា ការបកស្រាយនេះ និងធ្វើឲ្យទស្សនិកជន យល់ច្បាស់ថាអ្វីដែលធ្វើចង់ បានប្រយោជន៍ ឬក៏ចង់ជួយប្រជាពលរដ្ឋ លោកដឹងថា ទង្វើដែលលោកធ្វើមិនអាចជួយ ឲ្យមានជីវភាពធូរធាខ្លាំងនោះទេ។តែអាចជួយសម្រាល ការលំបាកមួយចំនួន តែប៉ុណ្ណោះ។ “ក្នុងនាមខ្ញុំជាអ្នកសិល្បៈ ក៏ចង់ឲ្យអ្នកសិល្បៈទាំងអស់ ចូលរួមក្នុងសកម្មភាពទាំងអស់នេះដែរ ដើម្បីជួយអ្នកដែលគាត់មានជីវភាព ខ្វះខាត ហើយកំពុងតែដង្ហោយស្វែងរកជំនួយជាបន្ទាន់ ៕



ប្រភព៖  lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top