-ក្រុមចោរប្លន់ទាំងនេះ ធ្លាប់ហែកគុក នៅកំពង់ចាម កាលពីពេល កន្លងទៅ
បាត់ដំបង៖ ចោរប្លន់២នាក់ ដែលធ្លាប់ធ្វើសកម្មភាព ប្លន់យ៉ាងសកម្ម នៅក្នុងខេត្តកំពង់ចាម និងបន្ទាយមានជ័យនោះ ទីបំផុតអស់លក្ខណ៍ នៅលើទឹកដីខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនចូលពន្ធនាគារ។
ប្រតិបត្តិការចាប់ក្រុមចោរប្លន់ ប្រុងធ្វើសកម្មភាពទាំង២ នាក់ខាងលើនេះ បានធ្វើឡើងដោយកម្លាំង នគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ ក្រោមបញ្ជាផ្ទាល់ពី សំណាក់ស្នងការនគរបាលខេត្ត លោក ខេង ស៊ុំ សហការជាមួយ កម្លាំងនគរបាល ស្រុកសំពៅលូន ក្រោមបញ្ជាផ្ទាល់ ពីសំណាក់ស្នងការខេត្ត លោក ស ថេត និងកម្លាំងនគរបាលមូលដ្ឋានផងដែរ។
អធិការរងនគរបាល ស្រុកសំពៅលូន លោក ឈិត សេង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា នៅ វេលាម៉ោង ២រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង សហការជាមួយកម្លាំង នគរបាលស្រុកសំពៅលូន និងកម្លាំង នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកស្នងការរង ជេត វណ្ណី បានចុះឃាត់ខ្លួនជន សង្ស័យជាមុខសញ្ញាចោរប្លន់សកម្ម២នាក់ គ្រាដែលពួកគេទៅ សម្ងំលាក់ខ្លួននៅក្នុងស្រុកសំពៅលូន។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននៅ ជិតអាហារដ្ឋានសប្បាយៗ ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង គ្រាពួកគេចេញពីផ្ទះសំណាក់ទៅអាហារស្រស់ស្រូប។ ជនសង្ស័យជា មុខសញ្ញាធ្លាប់ធ្វើសកម្មភាពប្លន់យ៉ាងសកម្មលើទឹកដីខេត្តកំពង់ចាម និងបន្ទាយមានជ័យនេះ ទី១. ឈ្មោះ ឡុង ប៊ុនថេន ហៅ ស៊ុន ឈាង អាយុ ៣៩ឆ្នាំ និងទី២. ឈ្មោះ កង សុខា ហៅតុលា អាយុ ២៧ឆ្នាំ។ ពួក គេទាំងពីរនាក់ សុទ្ធតែជាមនុស្សគ្មានមុខរបរ និងទីលំនៅពិតប្រាកដ។ ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានកាំភ្លើងខ្លីកា៥៩មួយដើម និងគ្រាប់កាំភ្លើងមួយបង់ពេញ។
ក្រោយប្រតិបត្តិការឃាត់ខ្លួនហើយនោះ ជនសង្ស័យទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញសាកសួរបន្ថែម និងកសាង សំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត។ មន្រ្តីនគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំងនេះ គឺជាអ្នកទោសឧក្រិដ្ឋ ដែលហែកគុកនៅ ខេត្តកំពង់ចាម រត់គេចខ្លួននាពេលកន្លងមកនោះ៕
ប្រភព ៖ ដើមអំពិល