ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសកល ២០១៣ -២០១៤ ខាងមុខនេះ គេហទំព័រអប់រំនិងព័ត៌មាន KHMER79.com នឹងរៀបចំការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពមួយឈ្មោះថា KHMER79 Futsal Cup ចាប់ពីថថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី ១១ខែមករា ឆ្នាំ២០១៤ ខាងមុខនេះនៅទីលានកីឡាបាល់ទាត់ RAMA Sport Club ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការផ្សាយតាមកញ្ចក់ ទូរទស្សន៏ និងបណ្តាញព័ត៌មានក្នុងស្រុកនានា ។
លោក សាំ ផល្លា សហស្ថាបនិកនិងអ្នកអភិវឌ្ឍន៍អាជីវកម្មគេហទំព័រ KHMER79 និងជាប្រធានក្រុមការងាររៀបចំការប្រកួត KHMER79 Futsal Cup បានឲ្យដឹងថា នេះជាការប្រកួតពានរង្វាន់លើកទី១ ដែលគេហទំព័រ KHMER79 របស់លោកបានរៀបចំឡើងក្នុងគោលបំណង លើកកំពស់វិស័យកីឡា បាល់ទាត់នៅកម្ពុជា ក្នុងការបង្កើនស្មារតីសហការ និងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងក្រុមនិងក្រុម រវាងកីឡាករនិងអ្នកគាំទ្រ និងពង្រឹងទំនាក់ទំងស្អិតរមួតជាមួយគ្នាពីបណ្តាអង្គភាពរដ្ឋ ឯកជន បណ្តា អង្កការក្រៅរដ្ឋាភិបាល និងមហាជនទូទៅ។
ការប្រកួត KHMER79 Futsal Cup មានការចូលរួមពីកីឡាបាល់ទាត់មិនមែនអាជីពចំនួន ១៦ក្រុម មកពីទីក្រុងភ្នំពេញនិងបណ្តាខេត្តមួយចំនួន។ ក្រុមទាំង១៦ នឹងត្រូវបែងចែកជា៤ពូលផ្សេងគ្នា ដែលក្នុង១ពូលមាន៤ក្រុម ហើយត្រូវឆ្លងកាត់វគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត។ វគ្គជម្រុះចាប់ចាប់ផ្តើមនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ និងវគ្គផ្តាច់ព្រ័តប្រព្រឹត្តិទៅនៅថ្ងៃទី ១១ខែមករា ឆ្នាំ២០១៤។
សម្រាប់ក្រុមដែលទទួលទទួលបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានថវិកាចំនួន ៤,០០០,០០០រៀល និងពានរង្វាន់ជើងឯក KHMER79 Futsal Cup មួយ អមដោយមេដាយមាសចំនួន១០។ សម្រាប់ក្រុម ទទូលបានចំណាត់ថ្នាក់លេខ២ នឹងទទួលបានទឹកប្រាក់ចំនួន ១,០០០,០០០រៀល និងមេដាយប្រាក់ចំ នួន១០។ ជាមួយនេះសាធារណៈជនក៏អាចចូលរួមទស្សន៍ទាយ ដើម្បីទទួលបានរង្វាន់ផងដែរ សូមចូលទៅកាន់គេហទំព័រ www.855live.com ហើយចុចក្រុមណាដែលអ្នកគាំទ្រ ។
លោក សាំ ផល្លា បញ្ជាក់ថាកម្មវិធីនេះទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន W88 ដែលជាក្រុមហ៊ុនផ្ដល់នូវសេវាកម្មកីឡា និងកំសាន្តធំជាងគេនៅអាស៊ី និង សហការឧបត្ថម្ភពីក្រុមហ៊ុនរថយន្តMG និងហាងលក់សម្លៀលបំពាក់កីឡាOMG។ លោកក៏ អំពាវនាវដល់ក្រុមកីឡាករទាំងអស់ ត្រូវប្រកាន់ភ្ជាប់វិន័យ ចេះគោរពគ្នា និងអត់អោនដល់គ្នាទៅវិញទៅមកដើម្បីនាំមកនូវមិត្តភាព និងសាមគ្គីភាពរវាងគ្នានិងគ្នា។ និងសូមសាធារណៈជនចូលរួមគាំទ្រផ្តល់ កំលាំងចិត្តដល់ក្រុមកីឡាការ ដើម្បីលើកស្ទួយវិស័យកីឡាអោយមានភាពរីកចំរើនស្របតាមបណ្តាប្រទេសជឿនលឿននានា៕