CATEGORIES
OTHER

Wednesday, December 4, 2013

វិធីថែរក្សាភ្នែក នៅមុខកញ្ចក់កុំព្យូទ័រ

Posted by Unknown  |  at  10:45 PM

មក ដល់សព្វថ្ងៃនេះ ការប្រើប្រាស់កុំព្យូទ័រ គឺជាវិធីមួយដែលអាច ជួយសម្រួលដល់ការ ងារបានច្រើនយ៉ាង ទាំងការងារ ផ្នែករដ្ឋបាល និងការងារផ្នែក សេដ្ឋកិច្ច ហើយក៏កំពុងពេញនិយមផងដែរ ចំពោះមនុស្សទូទៅ នៅលើ ពិភពលោក យើងនេះ។ ថ្វីត្បិតតែកុំព្យូទ័រមានសារៈប្រយោជន៍ ច្រើនសម្រាប់មនុស្សយើង ប៉ុន្ដែវាក៏បានបង្កឱ្យ មានផលប៉ះពាល់ផងដែរ ជាពិសេសចំពោះសុខភាពភ្នែក ដូចជាធ្វើឱ្យភ្នែកស្រវាំង និងធ្វើឱ្យចុករោយភ្នែកជាដើម។
បញ្ហាភ្នែកជាមួយនឹងកញ្ចក់កុំព្យូទ័រ
ភាគច្រើនអ្នកប្រើប្រាស់កុំព្យូទ័រអាចប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា ៖
- កុំព្យូទ័រមានពន្លឺដែលចាំងចេញពីអក្សរឬរូបភាពផ្សេងៗ នៃកុំព្យូទ័រ ជួនកាលអក្សរទាំងនោះឬរូបភាពទាំងនោះ វាមិន សូវច្បាស់ ដូចនេះធ្វើឱ្យភ្នែកខំប្រឹងសម្លឹងមើល ហើយពន្លឺដែលចាំងចេញ ពីកុំព្យូទ័រគឺអាចបង្កឱ្យភ្នែក មាន បញ្ហា។
- ការប្រើប្រាស់កុំព្យូទ័រយូរ នៅពីមុខកុំព្យូទ័ររហូត និងជារៀងរាល់ម៉ោងធ្វើការងារ អាចបង្កឱ្យមានផលប៉ះពាល់ ទៅលើ ភ្នែកផងដែរ។
- ចលនាភ្នែក ជាធម្មតាភ្នែករបស់មនុស្សយើងម្នាក់តែងតែធ្វើចលនាចុះឡើងៗរហូត។ នៅពេលដែលលោកអ្នកនាង កញ្ញាសម្លឹងមើលកុំព្យូទ័រយូរ អាចធ្វើឱ្យភ្នែកបន្ថយនូវការធ្វើចលនាដោយគិតតែពីសម្លឹង ទាំងនោះក៏អាចធ្វើឱ្យ ភ្នែកមានបញ្ហាដែរ។
រោគសញ្ញាដែលបញ្ជាក់ថាកុំព្យូទ័របង្កផលវិបាកដល់ភ្នែក
រោគសញ្ញាមួយចំនួនដែលលោកអ្នកនាងកញ្ញាអាចវិភាគដឹងដោយខ្លួនឯងបាននោះមានដូចជា ៖
- ភ្នែកចុករោយ ចុកគ្រាប់ភ្នែក នៅពេលដែលលោកអ្នកសម្លឹងមើលកុំព្យូទ័រច្រើនម៉ោង។
- ជាធម្មតានៅពេលដែលលោកអ្នកនាងកញ្ញាមើលកុំព្យូទ័រច្រើនអាចបណ្ដាលឱ្យ ស្ងួតភ្នែក។ ព្រោះភ្នែករបស់យើង ត្រូវតែ មានទឹកភ្នែកដែលធ្វើឱ្យសើម និងរំអិលជាប់ជាប្រចាំ។ ដូច្នេះនៅពេលដែលយើងខំប្រឹងសម្លឹងមើល ហើយ មិនបានព្រិចភ្នែក ជាហេតុធ្វើឱ្យភ្នែកយើងនេះស្ងួត ឬក៏លោកអ្នកអាចមានអារម្មណ៍ថាភ្នែកស្ងួត ឬក៏ក្រហាយផ្សាៗ ជាដើម។
- កាលណាដែលមើលយូរពេកទៅវាអាចធ្វើឱ្យស្រវាំងភ្នែក និងអាចធ្វើឱ្យឈឺក្បាលឬរោយកជាដើម។
វិធីថែរក្សាភ្នែកនៅមុខកញ្ចក់កុំព្យូទ័រ
ការថែរក្សាភ្នែកនៅមុខកញ្ចក់កុំព្យូទ័រវាមិនមែនជាការលំបាកនោះ ទេ ដោយលោកអ្នកគ្រាន់តែអនុវត្ដ ទៅតាម ណែនាំ ដូចជា ៖
- ត្រូវតែមានពេលសម្រាក មិនត្រូវសម្លឹងមើលយូរពេកនោះទេ ដោយត្រូវមើលត្រឹម១៥នាទី ឬក៏២០នាទីត្រូវ ងាកចេញ ទៅមើលអ្វី ផ្សេងក្រៅពីកុំព្យូទ័រ ដើម្បីការពារភ្នែកកុំឱ្យមានបញ្ហា។
- នៅពេលដែលមើលកុំព្យូទ័រត្រូវតែពង្រីកតួរអក្សរឱ្យធំៗនិងច្បាស់ ដើម្បីកុំឱ្យពិបាកនៅក្នុងការសម្លឹងមើល ជា ពិសេស ត្រូវបន្ថយពន្លឺកុំឱ្យភ្លឺខ្លាំងពេក។
- ត្រូវតែឧស្សាហ៍ព្រិចភ្នែកដើម្បីកុំឱ្យភ្នែកស្ងួត។
- បើកាលណាមានបញ្ហាភ្នែកដែលបណ្ដាលមកពីកុំព្យូទ័រ ដូចជាចុករោយភ្នែក ក្រហាយភ្នែក ឬឈឺក្បាល នៅពេល ដែល មើលកុំព្យូទ័រយូរ លោកអ្នកនាងកញ្ញាគួរតែទៅជួបជាមួយគ្រូពេទ្យឯកទេស ដើម្បីឱ្យគ្រូពេទ្យពិនិត្យមើល។
ទាំងនេះគឺជាវិទ្យាសាស្ដ្រមួយដែលអាចជួយឱ្យភ្នែកមានសុខភាពល្អមិនមានបញ្ហា។
ដំបូន្មានអ្នកជំនាញ
លោកអ្នកនាងកញ្ញាដែលប្រើប្រាស់កុំព្យូទ័រច្រើន គឺធ្វើម៉េចឱ្យការប្រើប្រាស់នោះមានរបៀប ដោយត្រូវដាក់ កុំព្យូទ័រ ឱ្យនៅ ឆ្ងាយយ៉ាងតិចប្រហែលជា៣០សង់ទីម៉ែត្រ ត្រូវតែមានថ្នាំសម្រាប់បន្ដក់ភ្នែក និងឧស្សាហ៍ព្រិចភ្នែក ដើម្បី ជួយសម្រួលដល់ភ្នែកឱ្យប្រើ ប្រាស់បានយូរអង្វែង។ បើសិនជាមានបញ្ហាភ្នែកធ្ងន់ធ្ងរ ជួនកាលមិនមែន បង្កឡើងពី កុំព្យូទ័រ អាចដោយសារមូលហេតុអ្វីផ្សេងទៀត ត្រូវតែទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេស ដើម្បីព្យាបាលទៅតាម មូលហេតុនៃបញ្ហាទាំងនេះ។ ចំពោះលោកអ្នកនាងកញ្ញាដែល ជ្រើសរើសនូវការប្រើប្រាស់ កញ្ចក់វ៉ែនតាត្រូវវាស់ ភ្នែកឱ្យបានត្រឹម ត្រូវ និងស្របទៅតាមឌឺក្រេរបស់ភ្នែកផងដែរ៕

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top